ភ្នំពេញ៖ លោក ជា
ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
បង្ហាញក្ដីបារម្ភចំពោះកំណើនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
កម្ពុជា ដែលអ្នកពាក់ព័ន្ធគួរប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ។
លោក ជា ចាន់តូ
ថ្លែងក្នុងសិក្ខាសាលាស្ដីពី«ផ្ដើមនិយាយពីបំណុលវ័ណ្ឌកឥឡូវនេះ!»
នៅថ្ងៃទី១១ខែកក្កដា នៅសណ្ឋគារភ្នំពេញថា
កំណើនឥណទានដែលគ្មានសុវត្ថិភាព
គឺមិនត្រឹមតែជះឥទ្ធិពលដល់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ
តែថែមទាំងប៉ះពាល់ដល់ជីវភាពពលរដ្ឋដែលជាប់បំណុល
រួមទាំងស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចផងដែរ។
ធនាគារជាតិ
នឹងបន្តពង្រឹងសមត្ថភាពត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដើម្បីធានាពីការអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់
និងការគ្រប់គ្រង់ហានិភ័យរបស់គ្រឹះស្ថានទាំងនោះ។ នេះបើតាមលោក ជា
ចាន់តូ។
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញថា
ទំហំកម្ចីបានកើនដល់ជិត ៣,២ពាន់លានដុល្លារ
គិតត្រឹមខែមិនាឆ្នាំនេះ ដែលផ្ដល់ដោយសមាជិក CMA
ដល់ពលរដ្ឋជាង២លានគ្រួសារនៅទូទាំងប្រទេស ។
របាយការណ៍ដដែលឲ្យដឹងទៀតថា
ទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់ទាន់ពេល
(PAP)ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនឡើងពីដង
ពោលគឺពីចំនួន ០,៥ភាគរយនៅចុងឆ្នាំ២០១៥
កើនដល់១ភាគរយនៅខែមិថុនាឆ្នាំនេះ៕