ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន

on -


ជាផ្លូវការ លោក ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ដែលកាន់អំណាចជានាយករដ្ឋមន្ត្រី តាំងពីជាង​៣​ទសវត្សន៍​​មក​ហើយ​នោះ បាន​ប្រកាស​ពី​ចំណូល​របស់​ខ្លួន មានប្រមាណមិនដល់ ១៤ ០០០​ដុល្លារ​ផង​ទេ ក្នុង​មួយ​ឆ្នាំ (ឬ​មិន​ដល់​១២០០ដុល្លារ ក្នុងមួយខែ)។ លោក ថែមទាំងបានពន្យល់ កាលពីឆ្នាំ២០១១កន្លង​មកថា លោកសង្ឃឹម​ពី​ការចិញ្ចឹម របស់​កូនៗ​របស់​លោក នៅពេល​លោក​ចូល​និវន្តន៍។ ប៉ុន្តែបើ​តាម​របាយការណ៍ របស់​អង្គការ​ គ្លបប៊ល វីតណេស (Global Witness) ដែល​ទើប​នឹង​ចេញ​ផ្សាយ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ បានទម្លាយ​ឲ្យ​ដឹងថា លោក ហ៊ុន សែន អាចរស់នៅ​លើ​គំនរ​មហាសាល ពីក្រុមគ្រួសារ​ផៅសន្ដាន​របស់​លោក ដែល​បាន​បើក​រក​ទទួលទាន នៅក្នុងពេល​ដែល​លោក នៅកំពុងកាន់​អំណាច​នេះ ដោយមិន​មានការ​ព្រួយ​បារម្ភ​អ្វី​ឡើយ។

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលមានទីតាំងនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។
នៅក្នុងរបាយការណ៍នោះ បានលើកមកនិយាយយ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​បណ្ដាក់ទុន ទៅលើវិស័យដ៏សំខាន់ៗ ដែលល្បីល្បាញថា ជាវិស័យដែលមានពោរពេញ ដោយ​អំពើ​ពុក​រលួយ នៅកម្ពុជា។
វិស័យរកទទួលទាន របស់ផៅសន្ដានត្រកូល ហ៊ុន មានចំនួនប្រមាណជា២០ រាប់ចាប់ពីវិស័យហិរញ្ញវត្ថុ រហូត​ដល់​វិស័យព្រៃឈើ ជាពិសេស វិស័យឧស្សាហកម្មរ៉ែ ថាមពល អចលនវត្ថុ និងបនល្បែង និងព្រមទាំង​មាន​កិច្ច​សហការ​ជាដៃគូ ជាមួយក្រុមហ៊ុនយីហោអន្តរជាតិធំៗ ដូចជាក្រុមហ៊ុន «Apple» «Unilever» «Honda» និង​ក្រុមហ៊ុន «General Electric»ជាដើម។

យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អង្គការ គ្លបប៊ល វិតណេស មិនបានបង្ហាញភ័ស្តុតាង​ជាក់លាក់​ណា​មួយ​ថា មហាផៅសន្ដានត្រកូល ហ៊ុន ទទួលបាន ឬពង្រីកផលប្រយោជន៍ លើមុខជំនួញរបស់ខ្លួន ដោយ​ខុស​ច្បាប់​នោះ​ទេ ដោយគ្រាន់តែបានបង្ហាញ ពីការរំលោភច្បាប់ និងសិទ្ធិខ្លះដោយក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ។ ហើយ​ភាគច្រើន​នៃរបាយការណ៍ គឺជាការដកស្រង់ចេញ ពីសំណុំឯកសារសាជីវកម្មសាធារណៈ របស់ក្រសួង​ពាណិជ្ជកម្ម ដែលអាចរកបាន​ នៅតាមប្រព័ន្ធអុីនធឺណិត។
អង្គការ គ្លបប៊ល វិតណេស បាននិយាយថា លទ្ធផលដែលខ្លួនរកឃើញ គ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ ពីព្រោះ​សំណុំឯកសារទាំងនោះ មិនបានចុះបញ្ជីនាយក ឬម្ចាស់ភាគហ៊ុនទាំងអស់ ជាលក្ខណៈប្រព័ន្ធទេ ដោយ​ហេតុថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្សព្វផ្សាយតែភាគហ៊ុនណា ដែលប្រកាសជាផ្លូវការប៉ុណ្ណោះ។ ការ​ចុះ​​បញ្ជី​ទាំងនោះ បានធ្វើឲ្យគេជឿថា ក្រុមអ្នកមានអំណាចនៅកម្ពុជា បានលាក់ផលប្រយោជន៍ នៃ​សាជីវកម្ម​​របស់​​ខ្លួន ឬស្ថិតនៅនៅពីក្រោយមនុស្សជំនិត ដែលគ្រប់គ្រងក្រុមហ៊ុន​រកទទួលទាន។ មនុស្ស​ជំនិត​ទាំង​នោះ អាច​មាន​ត្រឹមតែសម្បកក្រៅ និងមានឈ្មោះមិនពិត។

រាជនី នៃចក្រភពជំនួញ៖ អ្នកស្រី ហ៊ុន ម៉ាណា
អ្នកស្រី ហ៊ុន ម៉ាណា ជាកូនស្រីច្បង របស់លោក ហ៊ុន សែន និងត្រូវបានរបាយការណ៍ ផ្ដល់រហស្សនាមឲ្យថា ជារាជិនី នៃចក្រភពជំនួញរបស់គ្រួសារនេះ។ អ្នកស្រី ជាអ្នកគ្រប់គ្រង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែល​រួម​មាន​វិទ្យុ និងទូរទស្សន៍បាយ័ន រួមនឹងកាសែតកម្ពុជាថ្មី ដែលចេញផ្សាយប្រចាំថ្ងៃនោះផង។ ប៉ុន្តែ​ ​កំណត់​ត្រា​របស់​ក្រសួង​ពាណិជ្ជកម្ម បានភ្ជាប់អ្នកស្រី ហ៊ុន ម៉ាណា ទៅនឹងក្រុមហ៊ុនសរុប ចំនួន២២ ដោយ​ក្នុង១៨ក្រុមហ៊ុន អ្នកស្រី​ជា​ប្រធាន ឬជានាយក ដែលមានដើមទុនភាគហ៊ុនចុះបញ្ជី ចំនួន៦៦,៧​លាន​ដុល្លារ។
ភាគហ៊ុនផ្សេងៗទៀត ដែលកូនស្រីច្បងនាយករដ្ឋមន្ត្រីមាន នៅក្នុងមុខរបរទទួលទាននោះ រួមមាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម «Moon Media» ក្រុមហ៊ុន «The Museum Company» ដែលគ្រប់គ្រង​សារមន្ទីរ​ជាតិ​អង្គរ ក្នុងក្រុងសៀមរាប ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលក្រសួងទេសចរណ៍ណែនាំ ឲ្យធ្វើពិធីជាផ្លូវការ ក្រុមហ៊ុន​​វិនិយោគរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន «Cambodia Electricity Private» ដែលលក់អគ្គិសនី ឱ្យទៅ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​ថាមពលរបស់រដ្ឋ «EDC» ជាដើម។
នៅក្នុងរបាយការណ៍ដដែល ក៏បានលើកឡើងដែរ ពីអ្នកស្រី ហ៊ុន សេងនី (ប្អូនស្រីរបស់លោក ហ៊ុន សែន) អ្នកស្រី ហ៊ុន ចន្ថា អ្នកស្រី ហ៊ុន គឹមឡេង (កូនស្រីរបស់លោក ហ៊ុន ណេង ដែលជាបងប្រុស របស់លោក ហ៊ុន សែន) អ្នកស្រី ពេជ្រ ច័ន្ទមុន្នី (ភរិយារបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន) អ្នកស្រី យឹម ឆៃលីន (ភរិយារបស់លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី២ របស់លោក ហ៊ុន សែន) និង​លោក សុខ ពុទ្ធិវុធ (ស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាលី ដែលជាកូនស្រីរបស់លោក ហ៊ុន សែន)។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះបញ្ជីលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោក ហ៊ុន សែន ថាជាប្រធានក្រុមហ៊ុនអគ្គិសនី «Cambodia Electricity Private» ជាមួយបងប្អូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី។ តែក្នុងថានៈជាមន្ត្រីយោធានោះ លោក ហ៊ុន ម៉ានិត ត្រូវបាន​រារាំង​ដោយ​ច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅនៃយោធា ដែលហាមមន្ត្រីយោធា មិនឲ្យក្លាយជាសមាជិកក្រុមប្រឹក្សានាយក នៃ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ឡើយ។
ចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា...
អង្គការ គ្លបប៊ល វីតណេស បានលើកយកមកចុះផ្សាយ នៅក្នុងរបាយករណ៍នោះដែរ នូវការបក​ស្រាយ​របស់​លោក សុខ ពុទ្ធិវុធ ស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាលី (ដែលជាកូនស្រីរបស់លោក ហ៊ុន សែន) និងជាមនុស្ស​តែ​ម្នាក់​គត់ ដែលបានឆ្លើយតប នឹងការស្នើសុំធ្វើអត្ថាធិប្បាយ របស់អង្គការនេះ​ទៅកាន់មនុស្សជាច្រើន ដែល​មាន​ឈ្មោះ​នៅក្នុងរបាយការណ៍។
លោក សុខ ពុទ្ធិវុធ ដែលមានជាប់ទាក់ទង ទៅនឹងក្រុមហ៊ុនចំនួន៧ ជាពិសេសក្រុមហ៊ុន សោម៉ាគ្រុប (Soma Construction & Development) ដែលលោកធ្វើជានាយកប្រតិបត្តិនោះ បានអះអាងថា៖ «ខ្ញុំអាច​យល់​បាន នូវ​ការសន្និដ្ឋាន របស់អង្គការគ្លបប៊ល វិតណេស ដែលថា ខ្ញុំបានរំលោភអំណាចរបស់ខ្ញុំ ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​មួយ ដែល​ខ្ញុំ​មាន​​ក្នុងពេលសព្វថ្ងៃ។ ប៉ុន្តែ ខ្ញុំសូមធានាថា ខ្ញុំទទួលខុសត្រូវដ៏​ច្បាស់​លាស់ ចំពោះ​ការ​អភិវឌ្ឍន៍ ហើយ​គោរព​វិស័យ​ឯកជន។ ខ្ញុំទទួលស្គាល់ថា ការអភិវឌ្ឍន៍នៅមិនទាន់ចប់ទេ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​បង្កើត​​ក្រុមហ៊ុន​ដ៏ល្អមួយ ដែលខ្ញុំជឿថា មានចក្ខុវិស័យដូចខ្ញុំ ក្នុងការជួយអភិវឌ្ឍន៍ប្រទេស​កម្ពុជា។»។
មន្ត្រីរដ្ឋាភិបាល ជាពិសេសកូនប្រុសពីរនាក់របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត បានបដិសេធមិនធ្វើអត្ថាធិប្បាយ ទៅលើរបាយការណ៍ខាងលើនេះទេ។ តែលោក ផៃ ស៊ីផាន មន្ត្រីអ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងតាមរយៈ​សារព័ត៌មានក្នុងស្រុក ចាត់ទុក​របាយ​ការណ៍ របស់​​អង្គការ​ គ្លបប៊ល វិតណេស ថាកំពុង​ព្យាយាម​ញុះញង់​ ឲ្យ​មាន​«​​ការ​បះបោរ​» ឬការ​«ធ្វើ​បដិវត្តន៍» ​ប្រឆាំង​​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​
 សមាជិកក្រុមប្រឹក្សានាយកមួយរូប នៃអង្គការគ្លបប៊ល វីតណេស លោក ស្តេហ្វិន ភីល (Stephen Peel) បាន​អះអាងក្នុងរបាយការណ៍នេះថា៖ «ការធ្វើជំនួញជាមួយក្រុមហ៊ុននានា ដែលជាផ្នែកមួយ ឬគ្រប់គ្រងដោយ​គ្រួសារ​អ្នកកាន់អំណាច នៅក្នុងប្រទេស មិនត្រឹមតែបង្កឲ្យមានការចោទសួរ អំពីក្រមសីលធម៌ប៉ុណ្ណោះទេ វា​ក៏​មាន​ហានិភ័យខ្លាំងណាស់ដែរ ទាក់ទងនឹងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ។ ដើម្បីការពារផល​ប្រយោជន៍​របស់​ខ្លួន វិនិយោគិននៅកម្ពុជា ត្រូវពិនិត្យពិច័យដោយប្រុងប្រយ័ត្នថា មូលនិធិរបស់ខ្លួន មិនត្រូវ​បានបញ្ជូន​ចូល ​ក្នុង​​យុទ្ធនាការ​គាប​សង្កត់ របស់លោក ហ៊ុន សែន (និងក្រុមគ្រួសាររបស់លោក)។»។
លោក ភែទ្រីក អែលី (Patrick Alley) សហស្ថាបនិក របស់អង្គការអន្តរជាតិដដែលនេះ បានមាន​បញ្ជាក់​ដែរ​ថា៖  «គ្រួសាររបស់លោក ហ៊ុន សែន បានក្តោបក្តាប់សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ ហើយពលរដ្ឋកម្ពុជា (ជា​ពិសេស) ក្នុងរាជធានីភ្នំពេញ ទំនងជាព្យាយាមជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីចៀសវាងការរកលុយ ដើម្បី​បញ្ជូន​ទៅ​​ឲ្យ ក្រុមអ្នកគាបសង្កត់ពួកគេ។ វិនិយោគិនបរទេសអាច និងគួរតែដកខ្លួន ចេញពី​របប​គ្រប់គ្រង​មួយនេះ ដែល​​សម្លាប់​​មនុស្ស បំភិតបំភ័យ និងចាប់អ្នករិះគន់ខ្លួនដាក់ពន្ធនាគារ។»៕


Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2016 i-man-khmer. Converted by Mr. Chean
Powered by Blogger.