ពេលប្រិយមិត្តចង់ទិញរថយន្តមួយទឹក
ប្រិយមិត្តតែងតែរកមនុស្សដែលមានជំនាញ
និងមានបទពិសោធន៍ដែលគេដឹងពីរថយន្តអោយជួយមើលឲ្យហើយទាល់តែ
ស្គាល់គ្នាជិតស្និទ្ធទៀតទើបមិនសូវអស់ប្រាក់ច្រើន
ពេលនេះសូមណែនាំពីរបៀបមើលដោយខ្លួនឯងមិនចាំបាច់អ្នកជំនាញ។
លោក ជា ចាន់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការមើលរថយន្តមួយទឹកជូន អតិថិជន លោកបានបង្ហើបប្រាប់ពីគន្លឹះខ្លះៗ ដើម្បីជាចំណេះដឹង និងជាជំនួយសម្រាប់ឲ្យប្រិយមិត្តយកទៅស្វែងយល់ដោយខ្លួនឯង។
តោះ ! អានសាកមើលមានអ្វីថ្មីទេ
១) ថ្នាំរថយន្ត
ជាធម្មតារថយន្តថ្មី និងមួយទឹកគុណភាពថ្នាំខុសគ្នា បើមើលលើកម្រិតភាពរលោងក៏ខុសគ្នាដែរ រថយន្តថ្មីពេលលាងសម្អាតហើយ គ្រាន់តែជូតធម្មតាក៏ភ្លឺដែរ ប៉ុន្តែរថយន្តមួយទឹកទាល់តែលាង ហើយប៉ូលារួចជូតទៀតទើបភ្លឺ ជាពិសេសចំណុចដែលងាយមើលជាងគេគឺកាងមុខ កាងក្រោយ ឬម្ដុំជិតស្តុប ព្រោះប្រសិនបើរថយន្តនោះមួយទឹកហើយធ្លាប់ត្រូវគេប៉ះពារទៀត នោះថ្នាំដើម (ថ្នាំស៊ីន)ប្រាកដជារបក ឬឆ្កូត ទោះជាយកទៅស្លថ្នាំថ្មីនិងប៉ូលាឲ្យរលោងយ៉ាងណាក៏នៅតែអាចទាយ ដឹងបានដែរ។
២) សាច់ដែក
ការពិនិត្យរថយន្តមួយទឹកត្រង់ចំណុចនេះ អាចថាងាយស្រួលសម្រាប់អ្នកមានបទពិសោធន៍ច្រើនឆ្នាំ ប៉ុន្តែចំពោះអ្នកថ្មីៗវិញ ប្រាកដជាមើលមិនដឹងនោះទេ ព្រោះសាច់ដែកគេអាចស្លថ្មីបានដោយ លាយជាមួយសាច់ដែកដទៃ ដែលមិនមែនជាសាច់ដែកមកពីនាយ។ ម្យ៉ាងវិញទៀត សាច់ដែកដែលមានសភាពពុកខ្លាំង ដោយគ្រាន់តែបាញ់ថ្នាំ ហើយប៉ូលាឲ្យថ្មីក្នុងរយៈពេលបណ្ដោះអាសន្នណាមួយ អាចមានបញ្ហាធំពេលប្រើប្រាស់។
៣) ស្លាកលេខ
ចំណុចនេះស្រួលមើលជាងគេ ព្រោះធម្មតារថយន្តថ្មីមិនទាន់ជាកម្មសិទ្ធិរបស់អ្នកណាគេមិនធ្វើ ផ្លាកលេខទេ ហើយក៏មិនទាន់មានក្រដាសពន្ធផ្លូវនៅលើកញ្ចក់រថយន្តដែរ ទាល់តែរថយន្តនោះធ្លាប់មានម្ចាស់ទើបគេធ្វើ។ ម៉្យាងទៀត ឯកសារពាក់ព័ន្ធផ្លូវច្បាប់ ដូចជា ពន្ធនាំចូល ពន្ធផ្លូវ ពន្ធអាករ ជាដើមដែលរថយន្តមួយទឹកត្រូវមាន នោះគឺមិនអាចខ្វះបានឡើយ។
៤) តួក្នុងរថយន្ដ
ចំណុចនេះសំដៅដល់ សម្ភារៈដែលនៅខាងក្នុងរថយន្តទាំងអស់ដែលមានដូចជា ពូករថយន្ត រហាត់ទឹកជូតកញ្ចក់ កញ្ចក់ ម៉ាញេ ឬបាសឡាន និងប្រព័ន្ធភ្លើងសម្រាប់បំភ្លឺខាងក្នុងរថយន្តជាដើម ប្រសិនបើរថយន្តមួយទឹករបស់ទាំងអស់នោះច្បាស់ជាមានសភាពចាស់ បន្តិចហើយ ទោះជាគេប្ដូរថ្មីក៏ដោយក៏មិនទាំងអស់ដែរ។
៥) ម៉ាស៊ីនរថយន្ត
ម៉ាស៊ីនរបស់រថយន្តមួយទឹក យើងអាចមើលបានដោយសម្គាល់ត្រង់ម៉ាស៊ីននោះមិនស្អាត មានលេចប្រេង លឺសំឡេងប្លែកចេញពីទីណាមួយ ឬក៏ម៉ាស៊ីនដែលធ្លាប់រុះរើពីមុនមក។ ចំណុចប្រព័ន្ធគ្រឿងម៉ាស៊ីននេះគេក៏អាចកែបានដែរ គ្រាន់តែមិនច្រើន ហើយយើងក៏ដឹងបានតាមរយះការស្ដាប់សំឡេង ឬ សាកដោយខ្លួនឯងផ្ទាល់។