អំពើឈ្លានពានរបស់យួនមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរ គឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយនៅទីបំផុតអនុរដ្ឋមន្ត្រីការបរទេសយួនឈ្មោះ ហូ ស៊ន់សឺន បានទទួលស្គាល់ថាយួនបានជីកស្រះនិងធ្វើផ្លូវចូលដីកម្ពុជា ដូចកំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា បានតវ៉ាកាលពីកន្លងទៅពិតមែន។ ដូច្នេះជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវរួមគ្នាជាធ្លុងមួយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនទប់ទល់អំពើឈ្លានពានពីសំណាក់ប្រទេសជិតខាងប្រកបដោយប្រសិទ្ធភាព។ មានតែខ្មែរពីគ្រប់គណបក្សនិងពីគ្រប់និន្នាការនយោបាយ គ្រប់ទិសទីរួមគ្នាជាធ្លុងមួយទេ ទើបអាចការពារបូរណភាពទឹកដីរបស់ខ្លួនឲ្យបានគង់វង្សយូរអង្វែង។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០១៥នេះបានឲ្យដឹងថាក្រសួងការបរទេសកម្ពុជា បានលើកឡោើងពីកំណត់ទូតនៅក្នុងកិច្ចប្រជុំ៣ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ទី០៩ ខែកក្កដា។ សេចក្តីប្រកាសបានឲ្យដឹងថា ទាក់ទងនឹងបញ្ហាជីកស្រះនៅខេត្តរតនគិរី ចន្លោះបង្គោលព្រំដែនលេខ៣០និងលេខ៤០ កម្ពុជាបានស្នើសុំឲ្យលុបស្រះ៨កន្លែង តាមកំណត់ទូតកាលពីថ្ងៃទី១២និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ។ ជាការឆ្លើយតបនឹងសំណើនេះអនុរដ្ឋមន្ត្រីការបរទេសយួនបានសន្យាថានឹងលុបស្រះចំនួន៣ ចំណែកស្រះ៥ទៀត ក្រុមបច្ចេកទេសចម្រុះ គណៈកម្មាធិការព្រំដែននៃប្រទេសទាំង២នឹងចុះទៅបិនិត្យមើលកជាក់ស្តែង តែថាក្នុងនោះមានស្រះ២ជាស្រះចាស់យូរមកហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងទៀតថា ទាក់ទងនឹងការសាងសង់ប៉ុស្តិ៍យោធា ក្បែរភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ភាគីកម្ពុជា បានស្នើភាគីយួនឲ្យផ្អាកការសាងសង់ប៉ុស្តិ៍ជាបន្ទាន់ ដែលក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ា ២ដងកាលពីថ្ងៃទី០៨និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ហើយអនុរដ្ឋមន្ត្រីការបរទេសយួនបញ្ជាក់ថាបានផ្អាកការសាងសង់នេះ។ ដោយឡែកកំណត់ទូតតវ៉ា រឿងការធ្វើផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ១៩៤-២០៣និង២១១-២១៣និង២១៣-២២៧នៅស្រុកចន្ទ្រានិងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលក្រសួងការបរទេសកម្ពុជា ធ្វើកំណាត់ទូតតវ៉ា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ អនុរដ្ឋមន្ត្រីការបរទេសយួនបានប្រាប់ថាបានបញ្ជាឲ្យផ្អាកការសាងសង់ហើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មានដូចខាងលើនេះជាភស្តុតាងបង្ហាញថា យួនពិតជាបានធ្វើសកម្មភាពឈ្លានពានទឹកដីខ្មែរតាមព្រំដែនយ៉ាងគឃ្លើនបំផុត៕