រាជធានីភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១៦ខែកក្កដា សពលោកបណ្ឌិត កែម
ឡី ត្រូវបានតម្កល់រយៈពេល៦ថ្ងៃហើយ តែទឹកភ្នែករបស់ភរិយា
កូនៗនិងសាច់ញាតិ មិត្តភក្តិ
ព្រមទាំងមហាជនដែលបានទៅដល់កន្លែងតម្កល់សពក្នុងបរិវេណវត្តចាស់
ក្នុងខណ្ឌជ្រោយចង្វា នៅតែបន្តហូរ ។
ភរិយារបស់សពបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក
ដែលប្រើឈ្មោះលោកបណ្ឌិត កែម ឡី ថា ៖ «ឱ!កូនសម្លាញ់ម៉ែ
សូមកូនគេងឱ្យបានស្ងប់នៅក្នុងផ្ទៃម៉ែចុះណាកូន បើទោះជាពេលនេះ
ឪពុករបស់កូនបានឃ្លាតឆ្ងាយសែនឆ្ងាយក៏ដោយ
ម៉ែត្រូវតែតស៊ូដើម្បីកូន ។ កូនអើយប៉ុន្មានថ្ងៃទៀតយើងលែងបានមើល
ភ័ក្រប្រកបដោយគុណធម៌របស់ឪពុកកូនទៀតហើយ ស្តាយណាស់!» ។
ភរិយារបស់សពលោក កែម ឡី បានស្លៀកសម្លៀកបំពាក់ពណ៌ស
និងពេលខ្លះខ្មៅសម្រាប់ជាការកាន់ទុក្ខដល់វីរៈស្វាមីរបស់
អ្នកស្រី និងកូនចំនូន៥នាក់ គិតទាំងក្នុងពោះម្នាក់ផង
ពិតជាទប់ការរំជួលចិត្តមិនបានឡើយ
កាលបើកេរ្តិ៍ឈ្មោះដែលទទួលក្រោយពេលស្លាប់ មានទំហំធំធេងបែបនេះ ។
កូនប្រុសៗរបស់អ្នកស្រីបានកោសក់បួសសម្រាប់បញ្ជាក់នូវសេចក្តី
ស្រឡាញ់ដល់ឪពុក
ដែលត្រូវឃាតករកំណាចបាញ់សម្លាប់កណ្តាលរាជធានីទាំងថ្ងៃ
មិនមានក្តីមេត្តាសោះ ។
ក្រុមជនបាតដៃប្រឡាក់ឈាមគង់តែឈាមស្រែកស្បែកហៅមិនខាន ។
នៅកន្លែងតម្កល់សពគេបានឃើញមហាជនទាំងស្រីទាំងប្រុស
បានបន្តចូលទៅក្បែរសពដែលក្នុងដៃមានកាន់ធូប ទៀន
និងកម្រងផ្កាដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែមឡី
ដែលអ្នកចូលរួមបានហៅថា ជាការសម្លាប់ដ៏សាហាវព្រៃផ្សៃបំផុត
និងទទូចដល់អាជ្ញា
ធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការនាំខ្លួនជនដៃដល់និងអ្នកបញ្ជា
ពីក្រោយ ឬបក្សពួកឃាតករទាំងនោះជាបន្ទាន់
ឱ្យតុលាការកាត់ទោសឱ្យសមនឹងអំពើឃោរឃៅនេះ
ដើម្បីរំលត់កំហឹងខ្មែរគ្រប់រូប ដែលកំពុងឆេះងុំនាពេលនេះ ។
ចាប់តាំងពីថ្ងៃតម្កល់សពលោកបណ្ឌិត កែម ឡី
អ្នកស្រឡាញ់រូបលោកនិងស្អប់ខ្ពើមអំពើឃោរឃៅ
ដែលស្រឡាញ់យុត្តិធម៌សង្គមបានបន្តចូលរួមទាំងថវិកា និងសម្ភារ
គ្រឿងឧបភោគបរិភោគ ។ គណៈបក្សសង្គ្រោះជាតិខេត្តកណ្តាល
បាននាំមុខការចូលបច្ច័យបុណ្យសព លោកបណ្ឌិត កែម ឡី ចំនួន២១.៣០៨.១០០ រៀល
។
នេះជាតួលេខបណ្តោះអាសន្នដែលនៅមានបណ្តាស្រុកផ្សេងៗទៀតមិនទាន់មក
ដល់ហើយត្រូវបានគេផ្សាយលើបណ្តាញសង្គម ។
លោក កែម រិទ្ធីសិទ្ធិ ប្អូនប្រុសរបស់សពលោកបណ្ឌិត កែម ឡី
បាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃទី១៥ កក្កដា ថា
មិនមានមឈូសទឹកកកសម្រាប់តម្កល់សពរបស់បងប្រុសលោកដូចការលើកឡើង
របស់គេចេះនិយាយនោះទេ
គឺមានតែកៅអីផ្តេកដែលប្រើដោយចរន្តអគ្គិសនីដើម្បីដាក់ក្នុងមឈូស
សម្រាប់ឲ្យត្រជាក់ដល់សពប៉ុណ្ណោះ ។
ប្អូនប្រុសរបស់សពបានលើកឡើងថា
កៅអីផ្តេកសម្រាប់ដាក់ឲ្យត្រជាក់ដល់សពនោះ មិនមែនជាមឈូសទឹកកកទេ ។
កៅអីផ្តេកនោះមិនមានគម្របបិទទេ នៅពេលដាក់សពលើកៅអីនេះ
លើកដាក់ក្នុងមឈូស សពនឹងត្រូវបានដាក់តម្កល់នៅលើកៅអីនេះ ទាំងកៅអី
និងសពត្រូវបានដាក់ចូលក្នុងមឈូសតែម្តង ។
ជុំវិញការចាត់ចែងរក្សាទុកសព ដើម្បីតម្កល់ឱ្យបានយូរ
ត្រូវបានគេដឹងថា
ទោះបីយ៉ាងណាត្រូវបានមហាជនលើកឡើងខុសគ្នានៅឡើយដែលខ្លះថា
ចង់រក្សាទុកសពសម្រាប់គោរពបូជា តែក្រុមគ្រួសារសព
មានបំណងដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី
ក្នុងខេត្តតាកែវ ។
យោងតាមក្រុមគ្រួសារនិងសាច់ញាតិសពបាននិយាយថា
សពនឹងត្រូវដង្ហែទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា
ឆ្នាំ២០១៦ ដោយក្បួនដង្ហែសពគ្រោងចាកចេញពីវត្តចាស់
នៅវេលាម៉ោងប្រមាណ៧ព្រឹក តាមក្បួនរថយន្តនិងថ្មើរជើង
ដោយហែតាមផ្លូវព្រះមុនីវង្សឆ្ពោះទៅកាន់ផ្លូវសហព័ន្ធរុស្សី ។
ពេលទៅដល់រង្វង់មូលចោមចៅនឹងឆ្ពោះទៅកាន់ខេត្តតាកែវ
តាមផ្លូវជាតិលេខ៣ រហូតដល់អង្គតាសោម
ទើបរំកិលឆ្ពោះទៅឃុំលាយបួរជាទីតម្កល់សពលោកបណ្ឌិតនៅទីនោះដែលជា
ផ្ទះរបស់លោក ។
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ សពលោកបណ្ឌិត កែម ឡី
មានរយៈពេលមួយសប្តាហ៍ ។ នៅកន្លែងតម្កល់សពត្រូវបានគេមើលឃើញថា
មានការរៀបចំយ៉ាងល្អដាក់ដោយកម្រងផ្កា
និងផ្កាជាច្រើននៅលើសពដែលមានគ្របដោយទង់ជាតិកម្ពុជា ។
សពមានសភាពហើមបន្តិច តែមិនសូវប្រែប្រួលខ្លាំងនោះទេ ។
នៅកន្លែងតម្កល់សពគេបានឃើញមន្ត្រីរដ្ឋាភិបាល គណបក្សនយោបាយ អ្នកការទូត
សង្គមស៊ីវិល និងមហាជនបានចូលទៅគោរពវិញ្ញាណក្ខន្ធជាហូរហែ
ទាំងព្រឹកនិងល្ងាចមិនដាច់ ។
- និមន្តព្រះសង្ឃចំនួន៥០០អង្គ រាប់បាត្រ ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី
នៅព្រឹកនោះដែរ នៅក្នុងបរិវេណនៃពិធីបុណ្យសព គេសង្កេតឃើញពោរពេញទៅដោយកម្រងផ្កាកាន់ទុក្ខ និងមានការដាក់តាំងពីសាររំលែកទុក្ខរបស់មជ្ឍមណ្ឌសិទ្ធិមនុស្ស កម្ពុជា (ប.ស.ម.ក) និងជីវប្រវត្តិរបស់លោកបណ្ឌិត កែម ឡី ។
តាមការព្យាករណ៍របស់គណៈកម្មាការ បុណ្យថា នៅថ្ងៃទី១៦ កក្កដា ដែលជាថ្ងៃគម្រប់៧ថ្ងៃ និងថ្ងៃទី១៧ កក្កដា ដែលជាថ្ងៃដង្ហែសព អាចមានមហាជន ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីបានចូលរួម យ៉ាងច្រើនកុះករជាក់ជាមិនខានឡើយ ។
- ងាកទៅលំនៅឋានក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំងកក់ កំពុងមមាញឹករៀបចំការទទួលសពដែលហែទៅបញ្ចុះនៅថ្ងៃ១៧ កក្កដា
លោក ភោគ សំបូរ ដែលត្រូវជាបងជីដូនមួយរបស់លោកបណ្ឌិត កែម ឡី ដែលលោកជាអ្នកជួយចាត់ចែងក្នុងការរៀបចំទទួលសព បានប្រាប់កោះសន្តិភាពអោយដឹងថា នៅថ្ងែនេះយើងកំពុងមមាញឹកក្នុងការរៀបចំផ្ទះអោយស្អាត និងចាក់ដីបំពេញឈូសឆាយទីធ្លានៅក្នុងបរិវេណផ្ទះទាំងអស់អោយស្អាត ដើម្បីធ្វើរោងទទួលភ្ញៀវដែលបានចូលរួមដង្ហែសពលោកបណ្ឌិត យកមកបញ្ចុះនៅទីនេះ។
លោក ភោគ សំបូរ បានបន្តទៀតថា ដោយសារបរិវេណផ្ទះមានទំហំធំទូលាយដែលយើងអាចសង់រោងទទួលភ្ញៀវបាន ច្រើន ហើយដីដែលមានជង្ហុកទាំងអស់ យើងត្រូវចាក់ដីបំពេញអស់ដីចំនួន១០០ឡានហើយ ចាក់ដីខ្សាច់លាយគ្រូសពីលើប្រហែល១០០ឡានទៀត ព្រោះដីក្នុងបរិវេណផ្ទះ មានទំហំជិតមួយហិកតា ។
ចំពោះការជួសជុល និងកែលំអរនៅក្នុងបរិវេណផ្ទះលោកបណ្ឌិត កែម ឡី នេះ លោកប្រាប់ថា យើងនិងសំរុកអោយហើយរួចរាល់នៅល្ងាចថ្ងែទី ១៦ កក្កដា ។
លោក ភោគ សំបូរ បានបញ្ជាក់ថាចំពោះទីតាំងដែលត្រូវបញ្ចុះសពលោកបណ្ឌិត កែម ឡី នោះ លោកអត់ទាន់ដឹងទេ ព្រោះទីតាំងបញ្ចុះត្រូវតែរកគ្រូមើលច្បាស់លាស់ណាស់ ។
- ព្រះវររាជមាតាជាតិខ្មែរធានាជួយចំពោះការខ្វះខាតរបស់គ្រួសារលោកបណ្ឌិត កែម ឡី
ក្នុងកិច្ចសម្ភាសន៍មួយជាមួយក្រុមអ្នកសារព័ត៌មាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា ព្រះវររាជមាតាជាតិខ្មែរ សម្តេចយាយ បានធានាចំពោះការខ្វះខាតរបស់គ្រួសារលោកបណ្ឌិត កែម ឡី ជាដរាប ។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនដល់គ្រួសារលោកបណ្ឌិតថា ព្រះវររាជមាតា សម្រេចព្រះរាជហឫទ័យនឹងជួយគ្រួសារសពលោកបណ្ឌិត ។ ទោះជាយ៉ាងណា ព្រះអង្គមិនបានធ្វើអត្ថាធិប្បាយចំពោះការស្លាប់របស់លោកបណ្ឌិតនោះ ទេ ។
បើតាមព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា«ព្រះវររាជមាតាតាមរយៈទូរស័ព្ទទីក្រុងប៉េកាំង ប្រទេសចិន លោកមានការសោកស្តាយចំពោះការបាត់បង់ជីវិតលោកបណ្ឌិត កែម ឡី ។ លោកបានផ្តាំតាមខ្ញុំថា លោកនឹងត្រៀមជួយគ្រួសារលោកបណ្ឌិត កែម ឡី ជាដរាប» ។
ព្រះអង្គម្ចាស់ ធម្មិកោ បានបដិសេធការធ្វើអត្ថាធិប្បាយចំពោះការស្លាប់របស់់លោកបណ្ឌិត កែម ឡី ដោយព្រះអង្គមានបន្ទូលថា នៅពេលនេះកំពុងធ្វើបុណ្យ ចាំដល់ពេលបុណ្យចប់ ព្រះអង្គនឹងធ្វើអត្ថាធិប្បាយជុំវិញរឿងហ្នឹង ៕